មរណសាក្សីដ៏វិសុទ្ធពីរម៉ឺននាក់ នៃក្រុងនីកូមេឌា
THE TWENTY THOUSAND HOLY MARTYRS OF NICOMEDIA

ក្នុងរជ្ជកាលនៃព្រះចៅអធិរាជដ៏អាក្រក់ ម៉ាក់ស៊ីមៀន ហែរឃុយលីស សាសនាគ្រិស្តបានចេញផ្កាផ្លែនៅក្រុងនីកូមេឌា និងរីកចំរើនឡើងជារៀងរាល់ថ្ងៃ។ នៅពេលមួយ ព្រះចៅអធិរាជ ដែលបានទៅស្ថិតនៅក្នុងទីក្រុងនេះ បានដឹងពីចំនួនគ្រិស្ទានដ៏ច្រើនសន្ធឹកសន្ធាប់ និងភាពរីកចម្រើននៃព្រះសហគមន៍របស់ព្រះគ្រិស្ត ទ្រង់ក៏កើតចិត្តមួរមាំយ៉ាងខ្លាំង ហើយបានគិតផែនការថាតើធ្វើដូចម្តេចដើម្បីសម្លាប់ពួកគេទាំងអស់។
បុណ្យប្រសូត្ររបស់ព្រះគ្រិស្តបានខិតជិតមកដល់ ហើយព្រះចៅអធិរាជ ដែលដឹងថាគ្រិស្ទានទាំងអស់នឹងជួបជុំគ្នានៅក្នុងព្រះវិហារសម្រាប់បុណ្យនេះ ទ្រង់បានបញ្ជាឱ្យ ពួកទាហានព័ទ្ធជុំវិញ ព្រះវិហារ និងដុតភ្លើងឆេះ នៅថ្ងៃនោះ។ នៅពេលគ្រិស្ទានទាំងអស់បានជួបជុំគ្នានៅក្នុងព្រះវិហារក្រោយពាក់កណ្តាលអធ្រាត្រ ហើយបានចាប់ផ្តើមពិធីបុណ្យដ៏សំខាន់នេះ ទាហានបានព័ទ្ធជុំវិញព្រះវិហារ ហើយមិនឱ្យនរណាម្នាក់ចាកចេញឡើយ។
ប្រតិភូរបស់ព្រះចៅអធិរាជបានចូលទៅក្នុងព្រះវិហារ និងបានប្រកាសដល់ពួកគ្រិស្ទានអំពីបទបញ្ជារបស់ព្រះចៅអធិរាជថា ពួកគេត្រូវតែថ្វាយបង្គំព្រះក្លែងក្លាយភ្លាមៗ ឬត្រូវគេដុតទាំងរស់។
ពេលនោះ អគ្គឌីកង ដែលជាទាហានដ៏ក្លាហាននៃព្រះគ្រិស្ត ដែលពោពេញដោយចិត្តស្រលាញ់មុតមាំដល់ព្រះជាម្ចាស់ បានចាប់ផ្តើមលើកទឹកចិត្តប្រជាជន ដោយរំលឹកដល់ពួកឣ្នកមានជំនឿទាំងឡាយអំពីក្មេងបីនាក់ក្នុងឡភ្លើងនៅបាប៊ីឡូន។ «សូមមើលចុះ បងប្អូនទាំងឡាយ» គាត់បាននិយាយថា «តុដង្វាយនៅក្នុងឧបដ្ឋានសក្ការៈរបស់ព្រះអម្ចាស់ ហើយសូមដឹងថា ព្រះអម្ចាស់ និងព្រះជាម្ចាស់ដ៏ពិតប្រាកដរបស់យើង ទើបតែត្រូវបានគេបូជាជាតំណាងឱ្យយើងនៅលើវា។ តើយើងមិនគួរលះបង់ជីវិតរបស់យើងដើម្បីទ្រង់នៅក្នុងកន្លែងដ៏វិសុទ្ធនេះដែរទេឬ?»
ប្រជាជនត្រូវបានបំពេញដោយសេចក្តីក្លាហានដើម្បីការស្លាប់ដើម្បីព្រះគ្រិស្ត ហើយអស់អ្នកកំពុងរៀនសាសនា (catechumens) ទាំងអស់ត្រូវបានធ្វើពិធីជ្រមុជទឹក និងបានទទួលពិធីចាត់តាំងដោយលាបប្រេងដ៏វិសុទ្ធ (chrismated)។ ទាហានបានបង្កាត់ភ្លើងដុតព្រះវិហារពីគ្រប់ទិសទី ហើយពួកគ្រិស្ទាន ចំនួនពីរម៉ឺននាក់ ត្រូវបានគេដុតក្នុងអណ្តាតភ្លើង ខណៈពេលដែលពួកគេកំពុងច្រៀងសរសើរព្រះជាម្ចាស់។
ព្រះវិហារឆេះរយៈពេលប្រាំថ្ងៃ ហើយផ្សែងដែលមានក្លិនក្រអូបពិសេស និងអស្ចារ្យបានហុយចេញពីវា។ ពន្លឺមាសដ៏អស្ចារ្យមួយបាន បង្ហាញខ្លួន នៅលើកន្លែងនេះ។
ដូច្នេះ បុរស ស្ត្រី និងកុមារជាច្រើនបានស្លាប់ដោយថ្កុំថ្កើង ហើយបានទទួលមកវិញនូវកម្រងផ្កានៃសិរីរុងរឿងដ៏អមតៈនៅក្នុងព្រះរាជ្យរបស់ព្រះគ្រិស្ត។ ពួកគាត់បានទទួលមរណភាព និងត្រូវបានលើកតម្កើងក្នុងឆ្នាំ ៣០២ នៃគ្រិស្តសករាជ។
