សន្តបុគ្គលនៃ ថ្ងៃទី29 ខែធ្នូ

THE FOURTEEN THOUSAND HOLY CHILDREN OF BETHLEHEM


នៅពេលដែលអ្នកប្រាជ្ញទាំងបី (the Magi) ពីទិសខាងកើតមិនបានត្រឡប់ទៅក្រុងយេរូសាឡឹម ពីបេថ្លេហិមវិញ ដើម្បីជូនដំណឹងដល់ហេរ៉ូដអំពីស្តេចទើបប្រសូត្រនោះ ផ្ទុយទៅវិញ ពួកគេត្រឡប់ទៅស្រុកកំណើតតាមផ្លូវផ្សេង តាមបទបញ្ជារបស់ទេវទូត ហេរ៉ូដក៏ ខឹងសម្បាដូចសត្វព្រៃ ហើយបានបញ្ជាឱ្យសម្លាប់កុមារទាំងអស់អាយុពីរឆ្នាំ និងក្រោមពីរឆ្នាំ នៅក្នុងបេថ្លេហិម និងតំបន់ជុំវិញនេាះ។

បទបញ្ជាដ៏គួរឱ្យភ័យខ្លាចរបស់ស្តេចនេះ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ទាហានរបស់ទ្រង់បានកាត់ក្បាលកុមារមួយចំនួនដោយដាវ ខ្លះគ្រវែងទៅទង្គិចនឹងថ្ម ជាន់ឈ្លី និងច្របាច់កដោយដៃ។ ហើយសម្រែក និងសំលេងទុក្ខសោករបស់មាតាទាំងឡាយបានឡើងដល់ឋានសួគ៌ ជាសំរែកយំ និងជាការយំដ៏ឈឺចាប់; រ៉ាខែលកំពុងយំសោកស្តាយកូនរបស់នាង (យេរេមា ៣១:១៥, ម៉ាថាយ ២:១៨) ដូចដែលត្រូវបានព្យាករណ៍ទុកមក។

បទឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារដ៏ស្អាតស្អំច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានធ្វើឡើងមួយឆ្នាំក្រោយពីកំណើតរបស់ព្រះគ្រិស្ត នៅពេលដែលហេរ៉ូដកំពុងស្វែងរកកុមារដ៏ទេវភាព។ ទ្រង់បានសួរ លោកហ្សាការី (Zacharias) អំពីកូនប្រុសរបស់គាត់ឈ្មោះយ៉ូហាន ដើម្បីទ្រង់នឹងសម្លាប់គាត់ ព្រោះទ្រង់គិតថាយ៉ូហានគឺជាស្តេចថ្មី។ ដោយសារហ្សាការី មិនបានបង្ហាញពីយ៉ូហាន នោះគាត់ត្រូវបានសម្លាប់នៅក្នុងព្រះវិហារតាមបទបញ្ជារបស់ហេរ៉ូដ។ សន្ត ស៊ីមៀន អ្នកទទួលព្រះជាម្ចាស់ (St. Simeon the God-receiver) ក៏នឹងត្រូវបានគេសម្លាប់ក្រោយពីពិធីនាំថ្វាយ (Presentation) នៅក្នុងព្រះវិហារភ្លាមនោះដែរ ប្រសិនបើគាត់មិនបានទទួលមរណភាពមុននេាះហើយ។

ក្រោយពីសម្លាប់កុមារនៃបេថ្លេហិម ហេរ៉ូដបានងាកមកប្រឆាំងនឹងពួកព្រឹទ្ធាចារ្យយូដា ដែលបានបង្ហាញទៅកាន់ទ្រង់ថាព្រះមេស្ស៊ីនឹងប្រសូត្រនៅទីណា។ បន្ទាប់មកទ្រង់បានសម្លាប់ហៀរខានេស (Hyrcanes) ដែលជាបូជាចារ្យជាន់ខ្ពស់ និងព្រឹទ្ធាចារ្យចំនួនចិតសិបនាក់នៃសភា សានហេឌ្រិន (Sanhedrin)។ ដូច្នេះ ពួកអ្នកដែលបានយល់ស្របជាមួយហេរ៉ូដថាត្រូវតែសម្លាប់កុមារស្តេចថ្មីនោះ បានឈានទៅរកទីបញ្ចប់មួយដ៏អាក្រក់។

ក្រោយពីនោះ ហេរ៉ូដបានសម្លាប់បងប្អូនប្រុស បងប្អូនស្រី ភរិយា និងកូនប្រុសចំនួនបីរបស់ទ្រង់។ ទីបំផុត ទណ្ឌកម្មពីព្រះបានធ្លាក់មកលើគាត់៖ គាត់បានចាប់ផ្តើមញាក់ញ័រ ជើងរបស់គាត់ហើម ផ្នែកខាងក្រោមនៃរាងកាយរបស់គាត់ក្លាយជារលួយ ហើយសត្វដង្កូវចេញពីដំបៅ; ច្រមុះរបស់គាត់ខ្ទប់ ហើយក្លិនស្អុយដែលមិនអាចទ្រាំបានបានផុសចេញពីគាត់។ មុនពេលដកដង្ហើមចុងក្រោយ គាត់បានចងចាំថាមានពួកយូដាជាច្រើនដែលត្រូវគេចាប់ខ្លួននៅក្នុងគុក ហើយគាត់បានបញ្ជាឱ្យសម្លាប់ពួកគេទាំងអស់ ដើម្បីកុំឱ្យពួកគេអបអរសាទរនៅពេលគាត់ស្លាប់។

ដូច្នេះ ស្តេចដ៏សាហាវនេះបានបញ្ចប់ព្រលឹងវិញ្ញាណដ៏អមនុស្សរបស់គាត់ ហើយបានប្រគល់វាឱ្យមេឣារក្សយកទៅកាន់ការកាន់កាប់ជាអមតៈ។