សន្តបុគ្គលនៃ ថ្ងៃទី2 ខែមករា

SAINT SYLVESTER, BISHOP OF ROME


ស៊ីលវែស្ទើ បានប្រសូតនៅក្នុងទីក្រុងរ៉ូម។ តាំងពីវ័យក្មេងរហូតមក លោកបានរៀនសូត្រចេះដឹងទាំងគតិបណ្ឌិតលោកិយ និងជំនឿក្នុងព្រះគ្រិស្ត។ លោកតែងតែដឹកនាំជីវិតរបស់ខ្លួនស្របតាមវិន័យ ក្នុងព្រះគម្ពីរដំណឹងល្អ។ លោកទទួលបានប្រយោជន៍យ៉ាងច្រើនពីការណែនាំរបស់ ធីម៉ូថេ (Timothy) ដែលជា បូជាចារ្យ ហើយស៊ីលវែស្ទើផ្ទាល់ក៏បានឃើញនូវការទទួលមរណភាពជា មរណសាក្សី ដើម្បីជំនឿរបស់លោកដែរ។ ដោយបានសង្កេតឃើញគំរូនៃការលះបង់ដ៏ក្លាហានរបស់គ្រូរបស់ខ្លួន លោកក៏បានជ្រួតជ្រាបដោយអារម្មណ៍បែបនោះពេញមួយជីវិតរបស់ខ្លួន។

ពេលមានអាយុសាមសិបឆ្នាំ លោកត្រូវបានតែងតាំងជា ប៊ីស្សប នៃទីក្រុងរ៉ូម។ លោកបានកែទម្រង់ទំនៀមទំលាប់គ្រិស្តសាសនាមួយចំនួន។ ជាឧទាហរណ៍ លោកបានបញ្ឈប់ ការតម នៅថ្ងៃសៅរ៍ ដែលពួកគ្រិស្ទានជាច្រើនបានប្រតិបត្តិរហូតដល់ពេលនោះ ហើយបានបញ្ជាឲ្យធ្វើរការតម តែនៅក្នុងថ្ងៃ សៅរ៍ដ៏វិសុទ្ធ និងមហាសាល (Holy and Great Saturday) ឬថ្ងៃសៅរ៍ដែលធ្លាក់ក្នុងរដូវតម តែប៉ុណ្ណោះ។

តាមរយៈការឣធិស្ថាន និង ឣព្ភូតហេតុឣស្ចារ្យ របស់លោក ស៊ីលវែស្ទើបានជួយជំរុញឲ្យព្រះចៅអធិរាជ កុងស្តង់ទីន (Constantine) និងព្រះមាតារបស់ទ្រង់ ហេលេណា (Helena) ប្រែចិត្តមកកាន់ជំនឿពិត និងទទួលពិធីជ្រមុជទឹក។ លោកបានចូលរួមជាមួយរាជនីហេលេណា ក្នុងការរកឃើញ ឈើឆ្កាងដ៏សែនមានតម្លៃ(the Honorable Cross)។ លោកបានគ្រប់គ្រង ព្រះសហគមន៍ របស់ព្រះអម្ចាស់អស់រយៈពេលម្ភៃឆ្នាំ។ ជីវិតលើលោកិយរបស់លោកបានបញ្ចប់ដោយគួរឲ្យគោរព ហើយលោកក៏បានចូលទៅក្នុងព្រះរាជ្យឋានសួគ៌។