សន្តី មរណសាក្សី អានីស៊ីយ៉ា
THE HOLY MARTYR ANYSIA

អានីស៊ីយ៉ា បានប្រសូត្រនៅទីក្រុងថេស្សាឡូនីក (Thessalonica) ពីឪពុកម្ដាយដ៏ល្បីល្បាញ និងសម្បូរទ្រព្យ ហើយត្រូវបានចិញ្ចឹមបីបាច់តាមគោលជំនឿគ្រិស្តសាសនា។ នាងត្រូវក្លាយជាកេ្មងកំព្រាក្នុងវ័យកុមារី ហើយបានផ្ដល់ខ្លួនទាំងស្រុងដល់គំនិតដ៏ជឿជាក់លើព្រះជាម្ចាស់ និងការអធិស្ឋាននៅក្នុងផ្ទះរបស់នាងផ្ទាល់។
ក្នុងសេចក្ដីស្រឡាញ់ដ៏ឆេះឆួលដល់ព្រះគ្រិស្ត នាងតែងតែនិយាយថា៖ «អូ! ជីវិតនៃយុវវ័យភាពគឺពិតជាក្លែងក្លាយណាស់ ព្រោះអ្នកអាចបង្កររឿងអាស្រូវ ឬក៏ត្រូវគេបង្កររឿងអាស្រូវដាក់វិញ។ វ័យចំណាស់វិញគឺល្អជាង ប៉ុន្ដែសេចក្ដីទុក្ខគ្របដណ្ដប់ខ្ញុំ ដោយសារភាពយូរអង្វែងនៃពេលវេលាដែលកំពុងបំបែកខ្ញុំពីឋានសួគ៌។»
នាងបានលក់ទ្រព្យសម្បត្តិទាំងអស់ ចែកចាយទ្រព្យដែលទទួលបានទៅឱ្យអ្នកក្រីក្រ ហើយរស់នៅដោយពលកម្ម នៃដៃរបស់នាងផ្ទាល់។ នាងបានរក្សាការតមអាហារយ៉ាងតឹងរ៉ឹង គេងតិចណាស់ ហើយតែងតែយំសោកក្នុងពេលអធិស្ឋាន។ នៅពេលងងុយគេង នាងតែងនិយាយទៅកាន់ខ្លួននាងថា៖ «វាគ្រោះថ្នាក់ក្នុងការដេកលក់ ខណៈដែលសត្រូវរបស់ខ្ញុំនៅតែភ្ញាក់រឭក។»
នៅពេលនោះ ព្រះចៅអធិរាជដ៏អាក្រក់ ម៉ាក់ស៊ីមៀន បានចេញបទបញ្ជាថា អ្នកណាម្នាក់ក៏អាចសម្លាប់ពួកគ្រិស្ទានបានដែរ មិនថានៅពេលណា និងកន្លែងណាដែលគេប្រទះឃើញពួកគេឡើយ ដោយមិនចាំបាច់ត្រូវការតុលាការ ឬការកាត់ទោសទេ។
នៅពេលមួយស្ត្រីព្រហ្មចារីដ៏វិសុទ្ធនេះ បានចេញទៅតាមដងវិថី ដើម្បីទៅកាន់ព្រះវិហារ។ ថ្ងៃនោះជាថ្ងៃបុណ្យរបស់ព្រះអាទិត្យនៃពួកគោរពព្រះក្លែងក្លាយ។ ទាហានម្នាក់បានឃើញព្រះភ័ក្ត្រដ៏ស្រស់ស្អាតរបស់នាង ហើយគាត់បានចូលទៅជិតនាងដោយមានបំណងមិនស្អាតស្អំ ដោយសួរឈ្មោះនាង។ នាងបានធ្វើសញ្ញាឈើឆ្កាង ហើយនិយាយទៅកាន់គាត់ថា៖ «ខ្ញុំជាខ្ញុំបម្រើរបស់ព្រះគ្រិស្ត ហើយខ្ញុំកំពុងទៅព្រះវិហារ។»
នៅពេលដែលទាហានដ៏ឥតចេះខ្មាស់ឣៀននោះចូលមកជិតទៀត ហើយចាប់ផ្ដើមនិយាយទៅកាន់នាងដោយភាពឆ្កួតល្ងង់ នាងបានរុញគាត់ចេញ និងស្តោះទឹកមាត់ទៅលើមុខរបស់គាត់។ ទាហាននោះបានចាក់នាងដោយដាវរបស់គាត់នៅខាងក្រោមឆ្អឹងជំនី ហើយចាក់ចូលខ្លួននាង។
ស្ត្រីព្រហ្មចារីដ៏វិសុទ្ធនេះបានទទួលមរណភាពក្នុងឆ្នាំ ២៩៨ នៃគ្រិស្តសករាជ។ នាងត្រូវបានបញ្ចុះដោយកិត្តិយសដោយពួកគ្រិស្ទាន ហើយត្រូវបានព្រះជាម្ចាស់បំពាក់ម្កុដនៃសិរីរុងរឿងនៅក្នុងព្រះរាជ្យឋានសួគ៌។ ក្រោយមកព្រះវិហារមួយត្រូវបានសង់ឡើងលើផ្នូររបស់នាង។
