សន្តបុគ្គលនៃ ថ្ងៃទី31 ខែធ្នូ

(THE VENERABLE MELANIA THE ROMAN)


ម៉េឡានីយ៉ា បានប្រសូត្រនៅក្រុងរ៉ូម ពីឪពុកម្ដាយដ៏មានសទ្ធា និងសម្បូរទ្រព្យយ៉ាងខ្លាំង។ នាងត្រូវបានឪពុកម្ដាយបង្ខំឱ្យចូលរៀបការជាមួយយុវជនអភិជនម្នាក់ឈ្មោះ អាពីនីយ៉ានុស (Apinianus)។ នាងបានធ្លាក់ខ្លួនឈឺធ្ងន់ក្នុងការសម្រាលកូនទីពីរ ហើយនាងបានប្រាប់ស្វាមីថា នាងនឹងជាសះស្បើយលុះត្រាតែគាត់សន្យានៅចំពោះមុខព្រះថា នឹងរស់នៅជាមួយនាង នៅពេលអនាគត ដូចជា បងប្អូនប៉ុណ្ណោះ។ ស្វាមីរបស់នាងបានសន្យា ហើយម៉េឡានីយ៉ា ដោយវិញ្ញាណប្រកបដោយសេចក្ដីអំណរ ក៏ត្រូវបានផ្ដល់សុខភាពវិញ។

នៅពេលដែលព្រះ ទ្រង់ពេញព្រះទ័យ យកកូនទាំងពីររបស់ពួកគេ ទៅអោយទ្រង់ ពួកគេបានសំរេចចិត្តលក់ទ្រព្យសម្បត្តិទាំងអស់ ហើយចែកចាយទ្រព្យដែលទទួលបានទៅឱ្យអ្នកក្រីក្រ ព្រះវិហារ និងសង្ឃស្ថាន។ ពួកគេបានធ្វើដំណើរឆ្លងកាត់ប្រទេស និងទីក្រុងជាច្រើន ហើយបានធ្វើកិច្ចការល្អនៅគ្រប់ទីកន្លែងដោយទ្រព្យសម្បត្តិរបស់ពួកគេ។ ពួកគេបានទៅលេងឪពុកខាងវិញ្ញាណល្បីៗនៅអេហ្ស៊ីបខាងលើ និងខាងក្រោម ពួកគេបានរៀនបានយ៉ាងច្រើន និងត្រូវបានបំផុសគំនិតនិងទឹកចិត្ត ពីលោកឪពុកខាងវិញ្ញាណទាំងនោះ។

ក្នុងអំឡុងពេលទាំងមូលនោះ ម៉េឡានីយ៉ាបានរស់នៅជីវិតជាអ្នកបួស ដោយការតមអាហារយ៉ាងតឹងរ៉ឹង ការអធិស្ឋានដ៏ឆេះឆួល និងការអានគម្ពីរដ៏វិសុទ្ធ។ ម៉េឡានីយ៉ាមានទម្លាប់អានគម្ពីរទាំងមូល ទាំងគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី បីដងរៀងរាល់ឆ្នាំ។ នាងរស់នៅជាមួយស្វាមីដូចជាជាមួយបងប្អូន និងជាមិត្តរួមគ្នាក្នុងការបួស។

ពេលទៅដល់ទីក្រុងអាឡិចសង់ឌ្រី ពួកគេបានទទួលពរពី សម្ដេចប៉ាទ្រីអាក្ខ សន្ត គីរីល (St. Cyril)។ ក្រោយពីនោះ ពួកគេបានធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយបានតាំងទីលំនៅនៅលើភ្នំអូលីវ (Mount of Olives)។ នៅទីនោះ ម៉េឡានីយ៉ាបានឃុំខ្លួនឯង ហើយផ្ដោតដល់ការគិតពិចារណាអំពីព្រះ ការតមអាហារ និងការអធិស្ឋាន។ ដូច្នេះ នាងបានរស់នៅរយៈពេលដប់បួនឆ្នាំ ក្រោយពីនោះនាងបានចេញមកជួយអ្នកដទៃឱ្យទៅរកការសង្គ្រោះ។ នាងបានបង្កើតសង្ឃស្ថានសម្រាប់បុរស និងសង្ឃស្ថានសម្រាប់ស្ត្រី។

នៅពេលដែលសាច់សាលោហិតរបស់នាង ដែលជាសេនាត្រកូល វូលូស៊ីយ៉ានុស (Volusian) ជាអ្នកគោរពព្រះក្លែងក្លាយ បានអញ្ជើញនាង នាងក៏បានទៅក្រុងកុងស្តង់ទីនូប៉ូល (Constantinople) ហើយបានកែប្រែគាត់ឱ្យមកកាន់ជំនឿគ្រិស្តសាសនា (ដែលសូម្បីតែសន្ត អូហ្គូស្ធីន ផ្ទាល់ក៏មិនអាចធ្វើបានដែរ)។ បន្ទាប់មក នាងបានត្រឡប់ទៅភ្នំអូលីវវិញ ដែលនៅទីនោះនាងបានប្រគល់ព្រលឹងខ្លួន ដល់ព្រះជាម្ចាស់ក្នុងឆ្នាំ ៤៣៩ នៃគ្រិស្តសករាជ ក្នុងវ័យ ៥៧ ឆ្នាំ។