សន្តបុគ្គលនៃ ថ្ងៃទី4 ខែមករា

(The Synaxis of the Seventy Holy Apostles)


ក្រៅពី សាវ័កធំទាំងដប់ពីរអង្គ ព្រះអម្ចាស់ទ្រង់បានជ្រើសរើស សាវ័កតូចចំនួនចិតសិបអង្គទៀត ហើយបញ្ជូនពួកគាត់ ទៅប្រកាសដំណឹង ល្អ៖ “មើលចុះ យើងបញ្ជូនអ្នករាល់គ្នាទៅ ដូចជាកូនចៀមក្នុងហ្វូងចចក” (លូកា ១០:៣)។ ប៉ុន្តែ ដូចជា យូដាស ដែលជាសាវ័កមួយអង្គក្នុងចំណោមទាំងដប់ពីរបានបោះបង់ព្រះអម្ចាស់ យ៉ាងណាម៉ិញ សាវ័កតូចមួយចំនួនក្នុងចំណោមចិតសិបអង្គក៏បានលះបង់ព្រះអម្ចាស់ដែរ  មិនមែនដោយមានគម្រោងក្បត់នោះទេ ប៉ុន្តែដោយសារភាពទន់ខ្សោយ និងភាពទន់ខ្លោយនៃចិត្តជាមនុស្សលោក។ ជាលទ្ធផលនៃរឿងនេះ សិស្សជាច្រើនរបស់ទ្រង់ បានត្រឡប់ទៅ ប្រកបការរស់នៅរបស់គេដូចពីមុនវិញ ហើយលែងនៅជាមួយទ្រង់ទៀតហើយ (យ៉ូហាន ៦:៦៦)។ ដូចជាកន្លែងរបស់យូដាសត្រូវបានជំនួសដោយ សាវ័កផ្សេង ដូច្នោះដែរ កន្លែងរបស់ សាវ័កតូចទាំងនេះក៏ត្រូវបានគេជ្រើសរើសអ្នកផ្សេងមកបំពេញការជំនួសដែរ។

សាវ័កតូចចំនួនចិតសិបអង្គនេះបានខិតខំប្រឹងប្រែងក្នុងការងារដូចគ្នានឹង សាវ័កធំទាំងដប់ពីរអង្គដែរ។ ពួកគាត់ជាមិត្តរួមកំលាំងជាមួយ សាវ័កធំទាំងដប់ពីរក្នុងការផ្សព្វផ្សាយ និងបង្កើត ព្រះសហគមន៍ របស់ព្រះនៅលើលោកិយនេះ។ ពួកគាត់បានទទួលរងនូវការឈឺចាប់ និងសកម្មភាពអាក្រក់ជាច្រើនពីមនុស្ស និងពីអារក្ស ប៉ុន្តែជំនឿដ៏រឹងមាំ និងសេចក្ដីស្រឡាញ់ដ៏ខ្លាំងក្លាចំពោះព្រះអម្ចាស់ដែលបានរស់ពីសុគតឡើងវិញ បានធ្វើឱ្យពួកគាត់ក្លាយជាអ្នកឈ្នះលើលោកិយ និងជាអ្នកទទួលមរតកនៃព្រះរាជ្យឋាសួគ៌។