សន្តបុគ្គលនៃ ថ្ងៃទី5 ខែមករា

THE HIEROMARTYR [PRIESTLY-MARTYR] THEOPEMPTOS AND THE MARTYR THEONAS


នៅពេលដែលព្រះចៅអធិរាជ ឌីអូក្លេសុីយ៉ាន (Diocletian) ចាប់ផ្តើមការបៀតបៀន លើពួកគ្រិស្ទាន សម្ដេច ទេឣូប៉េម្ផតូស ដែលជា ប៊ីស្សប នៃទីក្រុងនីកូមេឌីយ៉ា (Nicomedia) លោកគឺជាមនុស្ស ក្នុងចំណោមអ្នកដំបូងគេដែលទទួលមរណភាពជា មរណសាក្សី ដើម្បីព្រះគ្រិស្ត។ ទេឣូប៉េម្ផតូសត្រូវបានគេនាំមកគាល់ព្រះចៅអធិរាជ ដែលបានគំរាមកំហែងលោកដោយទណ្ឌកម្មសេចក្ដីស្លាប់ ប្រសិនបើលោកមិនប្រកាសបដិសេធព្រះគ្រិស្ត។ ចំពោះការគំរាមកំហែងនោះ ប៊ីស្សប ដ៏ក្លាហានបានតបទៅវិញចំពោះព្រះចៅអធិរាជថា៖ “វាត្រូវបានសរសេរទុកថា៖ កុំខ្លាចពួកដែលឣាចសម្លាប់បានតែរាងកាយ តែមិនឣាចសម្លាប់ព្រលឹងមិនបានឡើយ (ម៉ាថាយ ១០:២៨)។ ឱ ព្រះចៅអធិរាជឣើយ ទ្រង់មានអំណាចលើរាងកាយរបស់ខ្ញុំ សូមទ្រង់ធ្វើតាមចិត្តទ្រង់ចុះ។”

ទេឣូប៉េម្ផតូសត្រូវបានគេវាយដំយ៉ាងខ្លាំង ទុកឱ្យអត់ឃ្លាន និងធ្វើទារុណកម្មតាមវិធីផ្សេងៗ។ នៅទីបំផុត ព្រះចៅអធិរាជបានកោះហៅអ្នកវិជ្ជាមន្តអាគម ម្នាក់ ឈ្មោះ ទេឣូណាស ដើម្បីឱ្យយកឈ្នះលើបុគ្គលដ៏សក្ដិសិទ្ធរបស់ព្រះនេះតាមរយៈមន្តអាគម។ ទេឣូណាសបានលាយថ្នាំពុលដ៏ខ្លាំងក្លាបំផុតក្នុងទឹក ហើយឱ្យទេឣូប៉េម្ផតូសផឹក។ ទេឣូប៉េម្ផតូសបានគូសរូប  សញ្ញាឈើឆ្កាង លើកែវ រួចក៏ផឹកថ្នាំពុលនោះទៅ។ លុះឃើញថាថ្នាំពុលមិនប៉ះពាល់ដល់ទេឣូប៉េម្ផតូស ទេឣូណាសក៏ងាកមករកព្រះចៅអធិរាជ ហើយស្រែកឡើងថា៖ “ខ្ញុំក៏ជាគ្រិស្ទានដែរ ហើយខ្ញុំថ្វាយបង្គំចំពោះព្រះអង្គដែលត្រូវគេឆ្កាងនោះ។”

ពួកគេទាំងពីរត្រូវបានកាត់ទោសឱ្យទទួលមរណភាពក្នុងឆ្នាំ ២៩៨ នៃគ្រិស្តសករាជ៖ ទេឣូប៉េម្ផតូសត្រូវបានគេកាត់ក្បាល រីឯទេឣូណាសត្រូវបានគេជីកកប់ទាំងរស់។ ពួកគាត់បានទទួលនូវការរងទុក្ខដ៏គួរឱ្យគោរព ហើយបានក្លាយជាពលរដ្ឋនៃព្រះរាជ្យរបស់ព្រះគ្រិស្ត។