សន្តបុគ្គលនៃ ថ្ងៃទី6 ខែមករា

THE THEOPHANY [EPIPHANY] OF OUR LORD AND SAVIOR JESUS CHRIST


នៅពេលដែលព្រះអម្ចាស់យើងមានព្រះជន្មាយុ ៣០ ព្រះវស្សា បន្ទាប់ពីថ្ងៃកំណើតរបស់ព្រះអង្គ ទ្រង់បានចាប់ផ្ដើមកិច្ចការបង្រៀន និងសង្គ្រោះមនុស្សលោក។ ព្រះអង្គផ្ទាល់ ​គឺជា ឧទាហរណ៍ នៃ “ការចាប់ផ្ដើមនៃការចាប់ផ្ដើម” នេះតាមរយៈពិធីជ្រមុជទឹករបស់ព្រះអង្គនៅទនេ្លយ៉ាដាន។ សន្ត ស៊ីរីល (St. Cyril) នៃទីក្រុងយេរូសាឡិមបានមានប្រសាសន៍ថា៖ “កំណើតដំបូងនៃសកលលោកគឺទឹក កំណើតដំបូងនៃដំណឹងល្អគឺទនេ្លយ៉ាដាន។”

នៅពេលព្រះអម្ចាស់ត្រូវបានជ្រមុជទឹកនៅក្នុងទឹក ភាពឣច្ចរិយៈមួយត្រូវបានប្រកាសទៅកាន់សកលលោក — ភាពឣច្ចរិយៈដែលត្រូវបានព្យាករណ៍នៅក្នុងគម្ពីរសញ្ញាចាស់ ឣច្ចរិយៈភាពដែលត្រូវគេស្គាល់តែក្នុងរឿងព្រេងនានានៃប្រទេសអេហ្ស៊ីប និងឥណ្ឌាពីសម័យបុរាណ — ឣច្ចរិយៈភាពនៃ ព្រះត្រៃឯកដ៏វិសុទ្ធ(the Divine Holy Trinity)។ ព្រះវរបិតាត្រូវបានបង្ហាញដល់សោតៈវិញ្ញាណ ព្រះវិញ្ញាណដ៏វិសុទ្ធត្រូវបានបង្ហាញដល់ចក្ខុវិញ្ញាណ ហើយព្រះបុត្រាត្រូវបានបង្ហាញដល់កាយវិញ្ញាណ។ ព្រះវរបិតាបានមានបន្ទូលប្រកាសអំពីព្រះបុត្រា ព្រះបុត្របានជ្រមុជទឹក ហើយព្រះវិញ្ញាណដ៏វិសុទ្ធក្នុងរូបរាងដូចសត្វព្រាបកំពុងហោះលើទឹក។

នៅពេលដែលលោក យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានធ្វើសក្ខីភាពអំពីព្រះគ្រិស្ត ដោយពោលថា៖ “មើលចុះ ចៀមរបស់ព្រះជាម្ចាស់ ដែលលើកលែងបាបរបស់លោកិយ” (យ៉ូហាន ១:២៩) ហើយនៅពេលដែលលោកយ៉ូហានបានជ្រមុជ និងធ្វើពិធីជ្រមុជទឹកព្រះអម្ចាស់នៅក្នុងទនេ្លយ៉ាដាន បេសកកម្មរបស់ព្រះគ្រិស្តក្នុងលោកិយ និងផ្លូវនៃការសង្គ្រោះរបស់យើងត្រូវបានបង្ហាញ។ មានន័យថា ព្រះអម្ចាស់បានទទួលយកបាបកម្មរបស់មនុស្សលោកទាំងអស់ ហើយបានសុគតនៅក្រោមវា (ការជ្រមុជទឹក) និងរស់ឡើងវិញ (ការចេញពីទឹក)។ ហើយយើងត្រូវតែស្លាប់ចំពោះខ្លួនប្រាណដែលជាអ្នកមានបាបចាស់ ហើយរស់ឡើងវិញជាអ្នកដែលបានសំអាត ថ្មី និងបានកើតឡើងវិញ។ នេះហើយគឺជាព្រះអង្គសង្គ្រោះ ហើយនេះហើយគឺជាផ្លូវនៃការសង្គ្រោះ។

ពិធីបុណ្យដ៏ទេវភាពនេះត្រូវបានគេហៅផងដែរថា ពិធីបុណ្យនៃការបំភ្លឺ (the Feast of Illumination)។ ព្រឹត្តិការណ៍នៅទនេ្លយ៉ាដានបានបំភ្លឺយើង ដោយបង្ហាញព្រះជាម្ចាស់ដល់យើងថាជាព្រះត្រៃឯក ដែលមានសារធាតុតែមួយ និងមិនអាចបំបែកបាន (consubstantial and undivided)។ នេះគឺជារបៀបមួយដែលយើងត្រូវបានបំភ្លឺ។ ហើយទីពីរគឺថា យើងរាល់គ្នាតាមរយៈពិធីជ្រមុជទឹក គឺត្រូវបានបំភ្លឺ ដោយយើងក្លាយជាកូនចិញ្ចឹមរបស់ ព្រះវរបិតានៃពន្លឺទាំងឡាយ (the Father of Lights) តាមរយៈគុណសម្បត្តិរបស់ព្រះបុត្រ និងអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ។