សន្ត មរណសាក្សី ជូលីយ៉ាន់ (Julian) និង សន្តី បាស៊ីលីស្សា (Basilissa)
THE HOLY MARTYRS JULIAN AND BASILISSA
សន្ត ជូលីយ៉ាន់ និងសន្តី បាស៊ីលីស្សា កើតមកពីឪពុកម្តាយដែលមានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្តិ។ បើទោះជាពួកគាត់បានរៀបការជាមួយគ្នាក៏ដោយ ពួកគាត់បានសច្ចាថានឹងរស់នៅក្នុងភាពបរិសុទ្ធដូចជាបងប្អូន។ ពួកគាត់បានចែកចាយទ្រព្យសម្បត្តិទាំងអស់ឱ្យដល់អ្នកក្រីក្រ ហើយឣ្នកទាំងពីរត្រូវបានបំបួស (tonsured)។ សន្ត ជូលីយ៉ាន់បានបង្កើត សង្ឃស្ថាន (Monastery) មួយ រីឯសន្តី បាស៊ីលីស្សាបានបង្កើត ដូនជីស្ថាន (Convent) មួយ។ សន្ត ជូលីយ៉ាន់មានបព្វជិតប្រមាណមួយមុឺននាក់ ហើយសន្តី បាស៊ីលីស្សាមានបព្វជិតភេទស្រ្តីប្រមាណមួយពាន់នាក់។
នៅពេលដែលការបៀតប្រៀតដ៏សាហាវផ្ទុះឡើងក្រោមរជ្ជកាលព្រះចៅអធិរាជ ឌីអូក្លេស្យង់ (Diocletian) សន្តី បាស៊ីលីស្សាបានឣធិស្ថានទៅព្រះជាម្ចាស់សូមឱ្យមិនមានបព្វជិតភេទស្រ្តីណាម្នាក់របស់នាងភ័យខ្លាចចំពោះទារុណកម្ម និងកុំឱ្យបោះបង់ចោល ជំនឿពិត (Orthodox Faith) ឡើយ។ ព្រះអម្ចាស់បានស្តាប់ឮការបួងសួងសុំរបស់ឣ្នកបម្រើស្ត្រីដ៏សក្ដិសមរបស់ទ្រង់ ហើយក្នុងរយៈពេលប្រាំមួយខែ ទ្រង់បានទទួលយកពួកដូនជីទាំងអស់ទៅកាន់ទ្រង់ម្ដងម្នាក់ ហើយចុងក្រោយបំផុតក៏ដល់វេន គ្រប់គ្រងរបស់ពួកនាងគឺសន្តី បាស៊ីលីស្សា។ មុននឹងសោយទិវង្គត សន្តី បាស៊ីលីស្សាបានឃើញនិមិត្តនៃពួកដូនជីរបស់នាងពីលោកខាងមុខ។ ពួកនាងទាំងអស់បាន បង្ហាញខ្លួនដល់នាងដោយភ្លឺស្វាង និងរីករាយដូចជា ទេវទូត (angel) របស់ព្រះ ហើយបានសូមអញ្ជើញមាតាខាងវិញ្ញាណរបស់ពួកនាងឱ្យមកជាមួយពួកនាងឱ្យបានឆាប់។
ខុសពី ដួនជីស្ថាន របស់សន្តី បាស៊ីលីស្សា សង្ឃស្ថាន របស់សន្ត ជូលីយ៉ាន់ត្រូវបានពួកអ្នកបៀតប្រៀតដុតឆេះ ហើយសន្ត ជូលីយ៉ាន់ត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅ និងបានសោយទិវង្គតក្នុងចំណោមទុក្ខវេទនាដ៏លំបាកបំផុត។ ក្នុងអំឡុងពេលទារុណកម្មរបស់គាត់ ព្រះអម្ចាស់បានទតមើលថែរក្សានិងពង្រឹងគាត់ ដូច្នេះគាត់អាចអត់ធ្មត់បានដោយក្លាហាន រក្សាជំនឿរបស់គាត់ និងលើកតម្កើងព្រះនាមព្រះគ្រិស្ត។
អ្នកដែលត្រូវគេកាត់ក្បាលជាមួយសន្ត ជូលីយ៉ាន់ គឺ សែលស៊ូស (Celsus) និង ម៉ារ៉ូនីលឡា (Maronilla) ដែលជាកូនប្រុស និងភរិយារបស់អ្នកធ្វើទារុណកម្ម ម៉ាស៊ីយ៉ាន់ (Marcian) ដែលបានឃើញភាពក្លាហានរបស់សន្ត ជូលីយ៉ាន់ក្នុងពេលទទួលទុក្ខនិងទារុណកម្ម ហើយបានប្រែចិត្តទៅជាគ្រិស្តសាសនិកដោយខ្លួនឯង។ ទាហានរ៉ូមចំនួនម្ភៃនាក់ ក៏ត្រូវបានកាត់ក្បាលផងដែរ និងបងប្អូនប្រាំពីរនាក់ពីទីក្រុងនោះ និងលោក ព្រឹទ្ធាចារ្យ (Presbyter) អង់តូនី (Anthony) និងមនុស្សម្នាក់ឈ្មោះ អាណាស្តាស៊ីយ៉ូស (Anastasius) ដែលសន្ត ជូលីយ៉ាន់បានធ្វើឱ្យរស់ពីសុគតឡើងវិញដោយការឣធិស្ថាននៅពេលគាត់កំពុងទទួលទារុណកម្ម។
ពួកគេទាំងអស់បានទទួលការរងទុក្ខដ៏គួរឱ្យគោរពសម្រាប់ព្រះគ្រិស្ត ហើយបានក្លាយជាពលរដ្ឋនៃព្រះរាជ្យឋានសួគ៌ក្នុងឆ្នាំប្រហែល ៣១៣ នៃគ្រិស្តសករាជ។
