ថ្ងៃសុក្រដ៏ពិសិទ្ធ និងអស្ចារ្យ

Great and Holy Friday


Version 1.0.0

នៅថ្ងៃសុក្រដ៏ពិសិទ្ធនិងអស្ចារ្យ ព្រះសហគមន៍គ្រិស្តអូស្សូដក់្ស រំលឹកដល់ការសោយទីវង្គត់របស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ នេះគឺជាចំណុចកំពូលនៃការរំលឹកដល់ ភាពទុក្ខលំបាករបស់ទ្រង់ ដែលព្រះអម្ចាស់របស់យើងបានរងទុក្ខ និងសុគតដើម្បីអំពើបាបរបស់យើង។ ការរំលឹកនេះចាប់ផ្តើមនៅល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងពិធីម៉ាទីនស៍ (Matins) នៃថ្ងៃសុក្រដ៏ពិសិទ្ធ ហើយបញ្ចប់ដោយពិធីវេស្ពើ (Vespers) នៅរសៀលថ្ងៃសុក្រ ដែលរំលឹកដល់ ការដោះដែកគោលយកព្រះគ្រីស្ទចេញពីឈើឆ្កាង និងការដាក់ព្រះកាយរបស់ទ្រង់ទៅក្នុងផ្នូរ។

នៅថ្ងៃសុក្រដ៏អស្ចារ្យ និងពិសិទ្ធ​នេះ យើងរំលឹកដល់ការរងទុក្ខរបស់ព្រះគ្រីស្ទ៖ ការចំអក ការពាក់មកុដបន្លាដល់ទ្រង់ ការវាយដំ ដែកគោល ការស្រេកទឹក ទឹកខ្មេះ និងទឹកប្រមាត់ សំឡេងស្រែកថ្ងូរនៃភាពឯកា និងអ្វីៗទាំងអស់ដែលព្រះអង្គសង្គ្រោះបានស៊ូទ្រាំនៅលើឈើឆ្កាង។

ថ្ងៃនៃការសោយទីវង្គតរបស់ព្រះគ្រីស្ទគឺជាថ្ងៃនៃអំពើបាប។ អំពើបាបដែលបានបំពុលពិភពលោករបស់ព្រះ តាំងពីព្រឹកព្រលឹមនៃពេលវេលា បានឈានដល់ចំណុចកំពូលដ៏គួរឱ្យភ័យខ្លាចរបស់វា នៅលើភ្នំ ហ្គោលហ្គោថា (Golgotha)។ នៅទីនោះ អំពើបាប និងអំពើអាក្រក់ ការបំផ្លិចបំផ្លាញ និងសេចក្តីស្លាប់បានកើតឡើងដោយខ្លួនឯង។ មនុស្សមិនគោរពព្រះ បានវាយដែកគោលដាក់ទ្រង់ទៅលើឈើឆ្កាង ដើម្បីបំផ្លាញទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ការសោយទីវង្គត់របស់ទ្រង់ បានថ្កោលទោសដោយមិនអាចកែប្រែបាន ដល់ពិភពលោកដែលបានធ្លាក់ក្នុងបាប ដោយបង្ហាញពីធម្មជាតិពិត និងមិនប្រក្រតីរបស់វា។

នៅក្នុងព្រះគ្រីស្ទ ដែលជាលោកអាដាមថ្មី គ្មានអំពើបាបទេ។ ហើយដូច្នេះ គ្មានសេចក្តីស្លាប់ទេ។ ទ្រង់ទទួលយកសេចក្តីស្លាប់ ពីព្រោះទ្រង់ទទួលយកសោកនាដកម្មទាំងមូលនៃជីវិតរបស់យើង។ ទ្រង់បានជ្រើសរើសប្រទានជីវិតរបស់ទ្រង់ចូលទៅសេចក្តីស្លាប់ ដើម្បីបំផ្លាញវា និងដើម្បីបំបែកការកាន់កាប់របស់អំពើអាក្រក់។

ការសោយទីវង្គត់របស់ទ្រង់គឺជាការបង្ហាញចុងក្រោយ នៃការគោរពប្រតិបត្តិ និងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់។ ទ្រង់បានរងទុក្ខយ៉ាងខ្លាំងនូវភាពឯកោ និងការឃ្លាតឆ្ងាយ​ – «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ​ចោល​ដូច្នេះ?»​ (ម៉ាកុស ១៥:៣៤)។ បន្ទាប់មក ទ្រង់បានទទួលយកភាពភ័យរន្ធត់ចុងក្រោយនៃសេចក្តីស្លាប់ដោយស្រែកយំយ៉ាងឈឺចាប់ថា «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»(យ៉ូហាន ១៩:៣០)។ ការស្រែកយំរបស់ទ្រង់គឺជាការបង្ហាញថា ទ្រង់គ្រប់គ្រងការសុគតរបស់ទ្រង់ ហើយថាកិច្ចការសង្គ្រោះរបស់ទ្រង់ត្រូវបានសម្រេច បានបញ្ចប់ និងបំពេញ។ 

ថ្ងៃនៃការសុគតរបស់ព្រះគ្រីស្ទបានក្លាយជាថ្ងៃកំណើតពិតរបស់យើង។ «នៅក្នុងអាថ៌កំបាំងនៃការសោយទីវង្គត និងរស់ឡើងវិញ របស់ព្រះគ្រីស្ទ  សេចក្តីស្លាប់បានទទួលបានតម្លៃល្អ។ ទោះបីជាសេចក្តីស្លាប់ខាងរូបកាយ និងជីវសាស្រ្តនៅតែហាក់ដូចជាសោយរាជ្យក៏ដោយ វាលែងជាដំណាក់កាលចុងក្រោយ នៅក្នុងដំណើរ នៃការបំផ្លិចបំផ្លាញដ៏វែងឆ្ងាយទៀតហើយ។ វាបានក្លាយជាច្រកទ្វារដែលមិនអាចខ្វះបាន និងជាសញ្ញាប្រាកដ នៃបុណ្យប៉ាស្កាសំខាន់បំផុត របស់យើង ជាផ្លូវដំណើរពីសេចក្តីស្លាប់ទៅជីវិត ជាជាងពីជីវិតទៅសេចក្តីស្លាប់។

តាំងពីដើមដំបូងមក ព្រះសហគមន៍បានប្រារព្ធពិធីរំលឹកប្រចាំឆ្នាំនៃថ្ងៃដ៏សំខាន់ ក្នុង ប្រវត្តិសាស្ត្រពិសិដ្ឋ ទាំងបីនេះ ពោលគឺ ថ្ងៃសុក្រដ៏អស្ចារ្យ ថ្ងៃសៅរ៍ដ៏អស្ចារ្យ និងបុណ្យប៉ាស្កា។ ថ្ងៃសុក្រដ៏អស្ចារ្យ និងថ្ងៃសៅរ៍ ត្រូវបានគេប្រារព្ធជាថ្ងៃនៃទុក្ខសោកយ៉ាងជ្រាលជ្រៅ និងការតមអាហារយ៉ាងតឹងរ៉ឹង តាំងពីសម័យបុរាណរបស់គ្រិស្តសាសនា។»