សត្តបុគ្គលនៃ ថ្ងៃទី18 ខែកក្កដា​

THE HOLY MARTYR EMILIAN


ក្នុងរាជ្យរបស់អធិរាជ ជូលីយ៉ាន់ អ្នកបោះបង់ជំនឿ (Julian the Apostate) នៅក្រុងដូរូស្តូឡុង (Dorostolon) ដែលស្ថិតនៅតំបន់ថ្រេស (Thrace) មានក្មេងប្រុសម្នាក់ឈ្មោះអេមីលាន (Emilian) ដែលជាអ្នកបំរើរបស់អេបាក្ខ (Eparch – អភិបាលក្រុង)។ ពេល អធិរាជអ្នកបោះបង់ជំនឿនេះព្យាយាមបំផ្លាញគ្រិស្តសាសនាទូទាំងចក្រភពរ៉ូមដោយភ្លើងនិងដាវ តំណាងរបស់គាត់បានមកដល់ដូរូស្តូឡុងដើម្បីសម្លាប់គ្រិស្ទាន ប៉ុន្តែគាត់មិនឃើញអ្នកណាម្នាក់ជាគ្រិស្ទានឡើយ។ ដោយចិត្តសោមនស្សរីករាយ គាត់បានរៀបចំពិធីជប់លៀងយ៉ាងធំសម្រាប់ប្រជាពលរដ្ឋ ហើយបញ្ជាឲ្យគេថ្វាយបង្គំព្រះក្លែងក្លាយ។ ពិធីសក្ការបូជាដល់ព្រះក្លែងក្លាយបានចាប់ផ្ដើមឡើង ហើយបន្តទាំងយ់ទាំងថ្ងៃពេញមួយក្រុង។


នៅរាត្រីនោះ សត្តអេមីលានបានដើរតាមវិហារសាសនាព្រះក្លែងក្លាយ ផ្សារ និងដងផ្លូវនានាក្នុងក្រុង ហើយបានបំផ្លាញបដិមាព្រះក្លែងក្លាយទាំងអស់ដោយញញួរ។ នៅថ្ងៃបន្ទាប់ ភាពភ័យខ្លាចបានគ្របដណ្ដប់ទីក្រុង។ អ្នកគ្រប់គ្នាស្វែងរកអ្នកដែលបំផ្លាញព្រះរបស់ពួកគេ។ កសិករម្នាក់ដែលកំពុងដើរកាត់ វិហារព្រះក្លែងក្លាយនៅព្រឹកនោះក៏ត្រូវបានគេចាប់ខ្លួន។ សត្តអេមីលាន ដែលឃើញថាមនុស្សឥតទោសនេះនឹងត្រូវទទួលទុក្ខ បាននិយាយជាមួយខ្លួនឯងក្នុងចិត្តថា៖
«បើខ្ញុំលាក់កិច្ចការដែលខ្ញុំបានធ្វើ តើខ្ញុំនឹងទទួលបានប្រយោជន៍អ្វី ពីការដែលខ្ញុំបានធ្វើ? តើខ្ញុំនឹងមិនត្រូវគេចាត់ទុកថាជាឃាតករនៃមនុស្សឥតទោសនេះ នៅមុខព្រះទេឬ?»


ហេតុនេះ គាត់បានចូលមករកតំណាងអធិរាជ ហើយទនិយាយប្រាប់ថាខ្លួនជាអ្នកបំផ្លាញរូបចំលាក់ព្រះក្លែងក្លាយទាំងនោះ។ តំណាងអធិរាជដែលក្រោធខឹងបានសួរសត្តអេមីលានថា៖
«អ្នកណាបានបង្គាប់អ្នកឲ្យធ្វើដូច្នេះ?»
មរណសាក្សីរបស់ព្រះគ្រីស្ទបានឆ្លើយថា៖
«ព្រះជាម្ចាស់និងព្រលឹងខ្ញុំបានបង្គាប់ខ្ញុំឲ្យបំផ្លាញសសរឥតព្រលឹងទាំងនេះ ដែលអ្នកហៅថាជាព្រះ។»

ចៅក្រមបានបញ្ជាឲ្យវាយសត្តអេមីលានដោយរំពាត់ ហើយបន្ទាប់ពីការវាយនិងទារុណកម្មផ្សេងៗទៀត គាត់បានបញ្ជាឲ្យគេដុតសត្តអេមីលានក្នុងភ្លើង។ ដូច្នេះ ជីវិតលើផែនដីរបស់សត្តអេមីលានបានបញ្ចប់។ គាត់បានឡើងទៅកាន់ជីវិតនៅស្ថានសួគ៍នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ៣៦២ គ.ស.។