សត្តអេសេគីអែល (Ezekiel) ដ៏វិសុទ្ធ
THE HOLY PROPHET EZEKIEL

សត្តអេសេគីអែល គឺជាកូនប្រុសរបស់បូជាចារ្យម្នាក់មកពីទីក្រុងសារីរ (Sarir)។ គាត់ត្រូវបានចាប់យកទៅជាឈ្លើយសឹកនៅបាប៊ីឡូន (Babylon) ជាមួយព្រះមហាក្សត្រយេហៅយ៉ាគីម (Jehoiachim) និងជនជាតិអ៊ីស្រាអែលជាច្រើនផ្សេងទៀត។ សត្តអេសេគីអែលបានធ្វើព្យាករណ៍អស់រយៈពេល ២៧ ឆ្នាំក្នុងភាពជាឈ្លើយសឹក។ គាត់រស់នៅក្នុងសម័យជាមួយសត្តយេរេមី (Jeremiah)។ ខណៈដែលសត្តយេរេមីធ្វើការបង្រៀន និងធ្វើការព្យាករណ៍នៅយេរូសាឡិម សត្តអេសេគីអែលក៏បានបង្រៀន និងធ្វើព្យាករណ៍នៅបាប៊ីឡូនដែរ។ ការព្យាករណ៍របស់សត្តយេរេមាត្រូវបានគេដឹងឮ នៅបាប៊ីឡូន ហើយការព្យាករណ៍របស់សត្តអេសេគីអែលក៏ត្រូវបានគេដឹងឮ នៅយេរូសាឡិមដែរ។ សត្តដ៏វិសុទ្ធទាំងពីរនេះមានការព្យាករណ៍ស្របគ្នា ហើយអ្នកទាំងពីរត្រូវបានធ្វើបាប និងធ្វើទារុណ្នកម្ម ពីជនជាតិយូដាដែលមិនជឿ ។សត្តអេសេគីអែលបានទទួលនិមិត្តដ៏គួរអោយភ័យខ្លាច និងមិនធ្លាប់មានពីមុនមួយ។ នៅជាយខ្សែទន្លេគេបារ (Chebar) គាត់បានឃើញមេឃបើក ហើយមានពពក អណ្តាតភ្លើងនិងរន្ទះ និងសត្វពាហនៈបួនដែលមុខដូចសំរិទ្ធរំលាយ (អេសេគីអែល ១:៤)។ សត្វមួយមានមុខដូចមនុស្ស ទីពីរមានមុខដូចសឹង្ហ ទីបីមានមុខដូចកូនគោ ហើយទីបួនមានមុខដូចឥន្ទ្រី (អេសេគីអែល ១:១០)។មុខមនុស្ស សំដៅលើព្រះអម្ចាស់ដែលបានចាប់កំណើតជាមនុស្ស។មុខសឹង្ហ សំដៅលើទេវភាពរបស់ព្រះអង្គ។មុខគោ សំដៅលើការបូជារបស់ព្រះអង្គ។មុខឥន្ទ្រី សំដៅលើព្រះអង្គរស់ឡើងវិញ និងយាងឡើងស្ថានសួគ៌។ពេលផ្សេងទៀតគាត់ក៏ត្រូវបានបង្ហាញអំពីនិមិត្តនៃការរស់ឡើងវិញរបស់អ្នកស្លាប់។ ព្យាការីនេះបានឃើញជ្រលងភ្នំមួយពោរពេញដោយគំនរឆ្អឹងដែលស្ងួតហើយគ្មានជិវិត ហើយនៅពេលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកលើវា ឆ្អឹងទាំងនោះបានរស់ឡើងវិញ ហើយក្រោកឈរឡើង (អេសេគីអែល ៣៧:១-១០)។ គាត់ក៏បានឃើញការបំផ្លិចបំផ្លាញយេរូសាឡិមដ៏អាក្រក់បំផុតផងដែរ នៅពេលដែលកំហឹងព្រះជាម្ចាស់កំទេចមនុស្សទាំងអស់ លើកលែងតែអ្នកដែលមានសញ្ញា តូ (Tau) ដែលជាអក្សរក្រិក (អេសេគីអែល ៩:១-៧) — ដែលត្រូវនឹងអក្សរ “T” របស់យើង ហើយវាក៏ជាសញ្ញានៃឈើឆ្កាងផងដែរ។សេចក្តីអាក្រក់ឃោរឃៅរបស់ជនជាតិយូដា ក៏មិនលើកលែងបុរស់ដ៏វិសុទ្ធនេះដែរ។ ដោយខឹងនឹងគាត់ដែលបានរិះគន់ពួកគេ ពួកគេបានចងគាត់ទៅនឹងកន្ទុយសេះ ហើយទាញគាត់អោយដាច់ខ្លួន។ គាត់ត្រូវបានគេបញ្ចុះនៅក្នុងផ្នូរដូចគ្នានឹង ស៊េម (Shem) កូនរបស់លោកណូអេ។
