សត្តី ម៉ារី ម៉ាដាឡែន (Mary Magdalene)
SAINT MARY MAGDALENE

សត្តី ម៉ារី ម៉ាដាឡែន ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកអ្នកកាន់គ្រឿងក្រអូប (myrrh-bearers) និងជាអ្នក “ស្មើនឹងពួកសាវ័ក” (equal to the apostles)។ នាងកើតនៅទីក្រុងម៉ាដាឡា (Magdala) ជាប់ច្រាំងបឹងហ្គេណេសារ៉េត (Gennesaret) ហើយជាបុត្រីនៃពូជអ៊ីសាខារ (Issachar)។ នាងត្រូវបានវិញ្ញាណអារក្ស៧នាក់ធ្វើទុក្ខបុកម្នេញ ប៉ុន្តែព្រះជាម្ចាស់ យេស៊ូគ្រិស្ត បានបណ្តេញវាចេញ ហើយបានព្យាបាលនាងអោយជាសះស្បើយ។ នាងគឺជាសិស្ស និងអ្នកបំរើដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គពេលដែលព្រះអង្គគង់នៅលើផែនដីនេះ។
នាងបានឈរនៅជើងឈើឆ្កាងនៅលើភ្នំ កុលកូថា (Golgotha) ដោយចិត្តសោកសៅយ៉ាងជូរចត់ ជាមួយនឹងព្រះមាតារបស់ព្រះជាម្ចាស់ (Theotokos)។ ក្រោយពីព្រះអង្គសោយទិវង្គត នាងបានមកកាន់ផ្នូរព្រះអង្គចំនួន ៣ ដង។ ពេលព្រះអង្គរស់ឡើងវិញ នាងបានឃើញព្រះអង្គ ២ ដង៖ ម្ដងឃើញតែនាងម្នាក់ឯង និងម្ដងទៀតជាមួយស្ត្រីអ្នកកាន់គ្រឿងក្រអូបដទៃទៀត។ នាងបានធ្វើដំណើរទៅក្រុងរ៉ូម (Rome) ហើយជួបជាមួយអធិរាជទីបេរីស (Tiberias Caesar)។ នាងបានជូន ពងទាដែលបានលៀបពណ៌ក្រហម ដល់អធិរាជនោះ ហើយនិយាយប្រកាសដោយក្ដីគោរពថា៖
«ព្រះគ្រិស្តបានរស់ឡើងវិញ!»
នាងក៏បានចោទប្រកាន់លោកពុនទី ពីឡាត (Pontius Pilate) ដល់អធិរាជ ពីការកាត់ទោសដ៏អយុត្តិធម៌ចំពោះព្រះយេស៊ូ។ អធិរាជទីបេរីសបានទទួលយកការចោទនេះ ហើយបានផ្លាស់ប្តូរលោកពីឡាតពីយេរូសាឡិមទៅកាន់ប្រទេសហ្គោល (Gaul)។ ដែលនៅទីនោះ ចៅក្រមអយុត្តិធម៌នេះ មិនត្រឹមតែបាត់បង់រាជគុណពីអធិរាជបុណ្ណោះទេ តែក៏បានស្លាប់ដោយជំងឺដ៏អាក្រក់មួយ។
ក្រោយមក នាងបានត្រឡប់ពីរ៉ូមទៅក្រុងអេភេសូ (Ephesus) ដើម្បីជួយសត្តយ៉ូហាន ដែលជាទេវវិទូ (St. John the Theologian) ក្នុងការផ្សាយដំណឹងល្អ។ ដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះអង្គដែលរស់ឡើងវិញ និងដោយភាពម៉ឺងមាត់ក្នុងជំនឿ នាងបានធ្វើជាសាវ័កពិតប្រាកដរបស់ព្រះគ្រិស្ត ដោយប្រកាសដំណឹងល្អដល់ពិភពលោក។ នាងបានសោយទិវង្គតដោយសុខសាន្តនៅក្រុងអេភេសូ។យោងតាមប្រពៃណី រូងភ្នំដែលសពនាងត្រូវបានបញ្ចុះគឺជារូងភ្នំដដែលដែលយុវជន ៧ រូប (សត្តថ្ងៃទី ៤ សីហា) បានដេកលក់អស់រយៈពេលរាប់រយឆ្នាំ ហើយក្រោយមករស់ឡើងវិញម្ដងទៀតមុនពេលស្លាប់ម្ដងទៀត។ សពដ៏វិសុទ្ធរបស់នាងត្រូវបានយកទៅទីក្រុងកុងស្តង់ទីនូប៉ុល (Constantinople) នាពេលក្រោយមក។
សព្វថ្ងៃនេះ មានដូនជីស្ថាននៃព្រះសហគមន៍អរតូដុក្សរុស្សុី ដ៏ស្រស់ស្អាតមួយនៅជិតសួនហ្គេតសេម៉ានី (Garden of Gethsemane) ដែលឧទ្ទិសដល់សត្តីម៉ារី ម៉ាដាឡែន។
