សត្តីមរណសាក្សី គ្រិស្ទីណា (Christina) ដ៏វិសុទ្ធ
THE HOLY FEMALE MARTYR CHRISTINA

គ្រិស្ទីណា (Christina) បានកើតនៅក្រុងទីរ (Tyre)។ នាងជាបុត្រីរបស់អឺបាន់ (Urban) ជាអ្នករដ្ឋាភិបាលបម្រើអធិរាជ ហើយជាអ្នកគោរពបូជាព្រះក្លែងក្លាយ។ គ្មាននរណាដឹងច្បាស់ទេថា ហេតុអ្វីបានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះនាងថា គ្រិស្ទីណា (Christina) ប៉ុន្តែឈ្មោះនេះបានបង្ហាញពីអាថ៌អច្ចរិយៈភាពនៃការដើរតាមព្រះគ្រិស្តអនាគតរបស់នាង។ រហូតដល់អាយុ១១ឆ្នាំ នាងមិនដឹងអ្វីអំពីព្រះគ្រិស្តឡើយ។ កាលណានាងឈានដល់អាយុនោះ ឪពុករបស់នាងបានដាក់ឱ្យនាងរស់នៅលើប៉មខ្ពស់មួយ ដើម្បីការពារនាងពីពិភពលោក ដោយសារសម្រស់ដ៏ស្អាត់ខុសពីធម្មតាររបស់នាង។ គាត់មានគម្រោងឱ្យនាងរស់នៅទីនោះរហូតដល់នាងពេញវ័យ។ គាត់ផ្តល់ជីវិតដ៏សុខសាន្តដល់នាង — មានខ្ញុំបម្រើ និងរូបសំណាកព្រះក្លែងក្លាយសង់ពីមាសនិងប្រាក់សម្រាប់ឱ្យនាងបូជាជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណា ដួងព្រលឹងរបស់គ្រិស្ទីណា វ័យក្មេងនេះមានការឈឺចាប់ក្នុងបរិស្ថានដាច់ស្រយាល និងពោរពេញដោយការគោរពរូបក្លែងក្លាយនេះ។ ដោយការសម្លឹងមើលព្រះអាទិត្យ និងភាពស្រស់ស្អាតនៃពិភពលោករាល់ថ្ងៃ ហើយនៅពេលយប់ក៏មើលឃើញក្រុមផ្កាយដ៏អស្ចារ្យ គ្រិស្ទីណា បានជឿជាក់យ៉ាងមុតមាំលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់តែមួយ តាមរយៈការយល់ដឹងពីធម្មជាតិរបស់នាង។ ព្រះជាម្ចាស់ដ៏មានមេត្តាបានឃើញការប្រាថ្នារបស់នាងចំពោះសេចក្តីពិត ហើយបានចាត់ឱ្យទេវទូតរបស់ព្រះអង្គមកគូសសញ្ញាឈើឆ្កាងលើគ្រិស្ទីណា។ ទេវទូតបានហៅនាងថាជាកូនក្រមុំរបស់ព្រះគ្រិស្ត ហើយបានបង្រៀននាងយ៉ាងពេញលេញអំពីចំណេះដឹងអំពីព្រះជាម្ចាស់។
បន្ទាប់មក គ្រិស្ទីណា បានបំផ្លាញរូបសំណាកព្រះក្លែងក្លាយទាំងអស់នៅក្នុងបន្ទប់របស់នាង ដែលបណ្តាលឱ្យឪពុករបស់នាងខឹងយ៉ាងខ្លាំង។ គាត់បាននាំនាងមកកាត់ក្តី ហើយបានធ្វើទារុណកម្មដល់នាង។ បន្ទាប់មក គាត់បានចាប់នាងដាក់គុក ហើយមានគោលបំណងប្រហារជីវិតនាងនៅថ្ងៃបន្ទាប់។ នៅយប់នោះ អឺបាន់ ដែលមុននោះមានសុខភាពល្អធម្មតា បានអស់ព្រលឹងស្លាប់យ៉ាងភ្លាមៗ ហើយបានទៅផ្នូរមុនកូនស្រីរបស់គាត់។ បន្ទាប់ពីនេះ អ្នករដ្ឋាភិបាលពីររូបទៀត គឺឌីយ៉ុន (Dion) និងជូលីយ៉ាន (Julian) បានបន្តធ្វើទារុណកម្មដល់សត្តីវិសុទ្ធនេះ។
សេចក្តីអត់ធន់ដ៏ក្លាហានរបស់គ្រិស្ទីណា និងអព្ភូតហេតុអស្ចារ្យដែលនាងបានធ្វើដោយអំណាចព្រះជាម្ចាស់ បានធ្វើឱ្យប្រជាជនក្រុងទីរ ជាច្រើនប្តូរមកកាន់គ្រិស្តសាសនា។ ក្នុងពេលដែលគ្រិស្ទីណា កំពុងត្រូវគេធ្វើទារុណកម្ម ឌីយ៉ុន បានស្លាប់យ៉ាងភ្លាមៗនៅចំពោះមុខមនុស្សទាំងអស់។ ជូលីយ៉ានដែលជាអ្នកស្នងតំណែងបានកាត់ទ្រូងនិងអណ្តាតរបស់នាង។ សត្តីមរណសាក្សីបានចោលអណ្តាតដែលត្រូវគេកាត់នោះទៅលើមុខជូលីយ៉ាន ហើយគេក៏ងងឹតភ្នែកភ្លាមនោះ។
ចុងក្រោយ ការរងទុក្ខរបស់នាងដើម្បីព្រះគ្រិស្តបានបញ្ចប់នៅក្រោមដាវមុតស្រួច ប៉ុន្តែជីវិតរបស់នាងនៅតែបន្តនៅក្នុងព្រះរាជ្យអមតៈនៃពួកទេវទូត។ សត្តីវិសុទ្ធ គ្រិស្ទីណា (Christina) បានទទួលការរងទុក្ខដ៏ថ្កុំថ្កើងនៅសតវត្សទី៣។
