សន្តី មរណសាក្សីដ៏វិសុទ្ធ តាទីយ៉ាណា (TATIANA)
THE HOLY FEMALE MARTYR TATIANA

តាទីយ៉ាណា ជាស្ត្រីជនជាតិរ៉ូមាំងដែលឪពុកម្ដាយរបស់នាងមកពីថ្នាក់អភិជន។ នាងជាគ្រីស្ទាន និងជាជំនួយការបូជាចារ្យ (deaconess) ក្នុងព្រះសហគមន៍។ ក្រោយពី ចៅអធិរាជ ហេលីអូហ្គាបាឡូស (Heliogabalus) សោយទិវង្គត ចៅអធិរាជ អាឡិចសាន់ឌឺ (Alexander) បានសោយរាជ្យបន្ត ដែលព្រះមាតារបស់ទ្រង់ព្រះនាម ម៉ាម៉េអា (Mammaea) ជាគ្រីស្ទាន។ ចៅអធិរាជ អាឡិចសាន់ឌឺ ផ្ទាល់មានព្រះទ័យរេរា និងមិនដាច់ស្រេចក្នុងជំនឿរបស់ទ្រង់ ព្រោះទ្រង់រក្សារូបសំណាករបស់ព្រះគ្រិស្ត អាប៉ូឡូ (Apollo) អាប្រាហាំ (Abraham) និង អ័រភេស (Orpheus) នៅក្នុងព្រះបរមរាជវាំង។
អ្នកជំនួយការសំខាន់ៗរបស់ទ្រង់បានយកភារកិច្ចក្នុងការធ្វើទារុណកម្មពួកគ្រីស្ទាន ដោយខ្លួនឯង ដោយមិនបានចាំទទួលបញ្ជាពី ចៅអធិរាជមុនសិនទេ។ នៅពេលពួកគេ នាំយកស្ត្រីព្រហ្មចារី តាទីយ៉ាណា ចេញមកធ្វើទារុណកម្ម នាងបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់សម្រាប់ពួកអ្នកធ្វើទារុណកម្មនាង។ ពេលនេាះ ភ្នែករបស់ពួកគេត្រូវបានបើក ហើយពួកគេបានឃើញ ទេវទូត បួនអង្គនៅជុំវិញមរណសាក្សីនោះ។ ឃើញដូច្នេះ ប្រាំបីនាក់ក្នុងចំណោមពួកគេបានជឿលើព្រះគ្រិស្ត ដែលដោយសាររឿងនេះពួកគេក៏ត្រូវបានធ្វើគេទារុណកម្ម និងសម្លាប់។
ពួកអ្នកធ្វើទារុណកម្មបានបន្តធ្វើទារុណកម្មសន្តី តាទីយ៉ាណា។ ពួកគេបានវាយនាងដោយរំពាត់ កាត់ផ្នែកខ្លះនៃរាងកាយរបស់នាង ហើយកោសស្បែកនាងដោយដែកមុត។ តាទីយ៉ាណា ដែលមានសាច់ខូចទ្រង់ទ្រាយ និងប្រឡាក់ដោយឈាមពេញខ្លួន ត្រូវបានគេចោលទៅក្នុងគុកនៅពេលល្ងាចនោះ ដើម្បីឱ្យថ្ងៃបន្ទាប់ពួកគេអាចចាប់ផ្ដើមធ្វើទារុណកម្មជាថ្មីផ្សេងទៀត។ ប៉ុន្តែព្រះជាម្ចាស់បានបញ្ជូន ទេវទូត របស់ទ្រង់ទៅកាន់គុកដើម្បីលើកទឹកចិត្តនាង និងព្យាបាលរបួសរបស់នាង ដូច្នេះរៀងរាល់ព្រឹក តាទីយ៉ាណា បានបង្ហាញខ្លួននៅចំពោះមុខពួកអ្នកធ្វើទារុណកម្មដោយបានជាសះស្បើយទាំងស្រុង។
ពួកគេបានចោលនាងទៅមុខសិង្ហមួយ ប៉ុន្តែសិង្ហនោះបានលូនក្រាបមុខនាងដោយក្ដីស្រឡាញ់ ហើយមិនបានធ្វើបាបនាងឡើយ។ ពួកគេបានកាត់សក់របស់នាង ដោយគិតតាមហេតុផលសាសនាព្រះក្លែងក្លាយរបស់ពួកគេថា អំពើអាបធ្មប់ ឬអំណាចវេទមន្តមួយចំនួនត្រូវបានលាក់នៅក្នុងសក់របស់នាង។ ទីបំផុត តាទីយ៉ាណា និងឪពុករបស់នាងត្រូវបាននាំចេញមកជាមួយគ្នា ហើយឣ្នកទាំងពីរត្រូវបានគេកាត់ក្បាល។ ដូច្នេះ តាទីយ៉ាណា បានបញ្ចប់ជីវិតនៅលើផែនដីរបស់នាងក្នុងឆ្នាំប្រហែល ២២៥ នៃគ.ស. ហើយស្ត្រីព្រហ្មចារី ដែលមានរាងកាយទន់ខ្សោយរបស់ស្ត្រី ប៉ុន្តែមានព្រលឹងរឹងមាំ និងក្លាហាន បានទទួលមរណភាពជាមរណសាក្សី ហើយបានចូលទៅក្នុងព្រះរាជ្យស្ថានសួគ៌។
