សន្តបុគ្គលនៃ ថ្ងៃទី14 ខែមករា

SAINT SAVA [SABAS], ARCHBISHOP OF SERBIA


សាវ៉ាបានប្រសូតនៅឆ្នាំ ១១៦៩ នៃគ.ស។ លោកជាបុត្ររបស់ ស្តេហ្វាន ណេម៉ានយ៉ា (Stefan Nemanja) ជាមហាស៊ូប៉ាន (Grand Župan) នៃប្រទេសស៊ែប៊ី។ កាលពីនៅវ័យក្មេង សាវ៉ាប្រាថ្នាចង់បានជីវិតខាងវិញ្ញាណ ដូច្នេះ លោកបានភៀសព្រះកាយទៅកាន់ភ្នំបរិសុទ្ធ (Holy Mountain) [ភ្នំអាថូស (Mt. Athos)] ដែលនៅទីនោះ លោកបានបំបួស (tonsured) ជាសង្ឃ ហើយបានរស់នៅតាមវិន័យអ្នកបួស (ascetic rule) យ៉ាងខ្នះខ្នែង ។ ស្តេហ្វាន ណេម៉ានយ៉ា បានធ្វើតាមគំរូរបស់បុត្រលោក ហើយបានយាងមកកាន់ភ្នំបរិសុទ្ធ ដែលនៅទីនោះ លោកបានបំបួសជាសង្ឃ ហើយនៅទីបំផុតបានយាងដេកលក់ក្នុងព្រះអម្ចាស់ក្នុងនាមជាសង្ឃ ស៊ីមេអូន (Simeon)។

សាវ៉ាបានទទួលឯករាជ្យសម្រាប់ព្រះសហគមន៍ស៊ែប៊ី (Serbian Church) ពីព្រះចៅអធិរាជប៊ីហ្សង់ទីន (Byzantine emperor) និងសម្ដេចប៉ាទ្រីអាក្ខ ហើយបានក្លាយជាអគ្គប៊ីស្សបដំបូងនៃប្រទេសស៊ែប៊ី។ រួមគ្នាជាមួយព្រះបិតា លោកបានកសាងសង្ឃស្ថាន (Monastery) ហ៊ីឡង់ដារ (Hilandar) ហើយបន្ទាប់ពីនោះ លោកក៏បានសាងសង់ សង្ឃស្ថាន ព្រះវិហារ និងសាលារៀនជាច្រើនទៀតនៅទូទាំងទឹកដីស៊ែប៊ី។ លោកបានធ្វើធម្មយាត្រាពីរលើកទៅកាន់ទីសក្ការៈនៅដែនដីបរិសុទ្ធ (Holy Land)។ លោកបានស្តារសន្តិភាពឡើងវិញរវាងបងប្អូនទាំងពីររបស់លោក ដែលធ្លាប់បែកគ្នាដោយសារការតស៊ូដណ្តើមអំណាច។ លោកបានស្តារសន្តិភាពរវាងប្រជាជនស៊ែប៊ី និងប្រទេសជិតខាងរបស់ពួកគេ។ ក្នុងការបង្កើតព្រះសហគមន៍ស៊ែប៊ី លោកក៏បានបង្កើតរដ្ឋស៊ែប៊ី និងវប្បធម៌ស៊ែប៊ីផងដែរ។ លោកបានបញ្ចូលសន្តិភាពរវាងប្រជាជនបាល់កង់ (Balkan) ទាំងអស់ ហើយបានធ្វើការដើម្បីប្រយោជន៍របស់មនុស្សទាំងអស់ ដែលហេតុនេះ លោកត្រូវបានស្រឡាញ់ និងគោរពដោយមនុស្សទាំងអស់ដែលរស់នៅក្នុងតំបន់បាល់កង់។ លោកបានប្រទានដួងព្រលឹងគ្រិស្ទានដល់ប្រជាជនស៊ែប៊ី ជាព្រលឹងដែលមិនបានវិនាសទៅជាមួយនឹងការដួលរលំនៃរដ្ឋស៊ែប៊ីនៅទីបំផុតនោះឡើយ។

សាវ៉ាបានយាងចូលទិវង្គត (reposed) នៅទីក្រុងទ្រនូវ៉ូ (Trnovo) ប្រទេសប៊ុលហ្គារី (Bulgaria) ក្នុងរាជ្យព្រះចៅអធិរាជ អាសេន (Asen) នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១២៣៦ នៃគ.ស បន្ទាប់ពីទ្រង់មានព្រះជន្មឈឺ បន្ទាប់ពីពិធីថ្វាយបង្គំដ៏ទេវភាព (Divine Liturgy) នៅក្នុងពិធីបុណ្យទេអូហ្វានី (Theophany)។ ស្ដេច វ្ល៉ាឌីស្លាវ (Vladislav) បានផ្ដូរទីតាំងសពលោកទៅកាន់សង្ឃស្ថានមីឡេសេវ៉ូ (Mileševo Monastery) ដែលក្រោយមក ស៊ីណាន ប៉ាសា (Sinan Pasha) បានយកអធិធាតុ (relics) របស់សន្ត សាវ៉ា ទៅដុតបំផ្លាញនៅលើភ្នំវ្រ៉ាខារ (Vračar hill) ក្នុងទីក្រុងបែលក្រាដ (Belgrade) នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៥៩៥ នៃគ.ស។