សន្ត ប៉ូល (PAUL) នៃទីក្រុងថេប (THEBES) ដ៏គួរអោយគោរព
THE VENERABLE PAUL OF THEBES

សន្តប៉ូលបានប្រសូតពីឪពុកម្តាយដែលមានទ្រព្យស្តុកស្តម្ភ នៅតំបន់ថេបក្រោម (Lower Thebes) ក្នុងស្រុកអេហ្ស៊ីប (Egypt) ក្នុងរាជ្យព្រះចៅអធិរាជ ដេស៊ីអូស (Decius)។ ប៉ូល រួមជាមួយប្អូនស្រីរបស់គាត់ បានទទួលមរតកទ្រព្យសម្បត្តិរបស់ឪពុកម្តាយទាំងអស់។ ប៉ុន្តែ ប្អូនថ្លៃរបស់គាត់ ដែលជាអ្នកគោរពបូជាព្រះក្លែងក្លាយ (idolater) ចង់រឹបអូសយកចំណែកទ្រព្យរបស់ប៉ូល ហើយបានគំរាមកំហែងបញ្ជូនប៉ូលទៅចៅក្រមក្នុងនាមជាគ្រិស្ទាន ប្រសិនបើគាត់មិនព្រមប្រគល់ទ្រព្យសម្បត្តិរបស់គាត់ឲ្យទៅប្អូនថ្លៃ។ គ្រោះមហន្តរាយនេះ រួមជាមួយគំរូវីរភាពនៃការលះបង់ខ្លួនដោយពួកមរណសាក្សីគ្រិស្ទាន ដែលប៉ូលបានឃើញដោយភ្នែកផ្ទាល់របស់គាត់ បានជំរុញចិត្តគាត់ឲ្យប្រគល់ចំណែកទ្រព្យរបស់គាត់ឲ្យទៅប្អូនស្រីគាត់។ បន្ទាប់មក គាត់បានដកខ្លួនទៅកាន់ទីរហោស្ថានក្នុងនាមជាអ្នកក្រីក្រ ជាកន្លែងដែលគាត់បានរស់នៅក្នុងជីវិតជាអ្នកបួស (ascetic life) រហូតដល់មរណភាពរបស់គាត់។
ចំពោះកម្រិតខាងវិញ្ញាណដ៏ខ្ពស់ដែលយក្សខាងជីវិតជាអ្នកបួសនេះបានឈានទៅដល់នោះ គ្មានអ្នកណាក្រៅពីសន្ត អង់តូនី (Anthony) ដ៏មហាសាល (the Great) បានធ្វើជាសាក្សីឃើញឡើយ ដែលគាត់ធ្លាប់បានមកសួរសុខទុក្ខប៉ូលម្តង ហើយបានឃើញថា សត្វព្រៃ និងសត្វស្លាបនៅលើអាកាសបានបម្រើគាត់។ ពេលត្រឡប់មកពីដំណើរទស្សនកិច្ចនេះ អង់តូនីបាននិយាយទៅកាន់សង្ឃរបស់គាត់ថា៖ « សូមឲ្យខ្ញុំវេទនាចុះ ឱបុត្រារបស់ខ្ញុំអើយ! ខ្ញុំគឺជាសង្ឃដែលមានបាប និងក្លែងក្លាយ ជាសង្ឃតែក្នុងនាមប៉ុណ្ណោះ។ ខ្ញុំបានឃើញអេលីយ៉ា (Elias) ខ្ញុំបានឃើញយ៉ូហាន (John) នៅក្នុងទីរហោស្ថានហើយដោយសេចក្តីពិត ខ្ញុំបានឃើញប៉ូលនៅក្នុងឋានសួគ៌!»
សន្តប៉ូលមានព្រះជន្មរស់នៅ ១១៣ ឆ្នាំ ហើយបានសម្រាកដោយសន្តិភាពក្នុងព្រះអម្ចាស់នៅឆ្នាំ ៣៤២ នៃគ.ស។
