សន្តបុគ្គលនៃ ថ្ងៃទី16 ខែមករា

SAINT PETER THE APOSTLE [THE CHAINS OF ST. PETER]


សន្តពេត្រុសត្រូវបានរំលឹកនៅថ្ងៃនេះ ដោយសារតែច្រវាក់ដែលហេរ៉ូដ (Herod) ដែលគ្មានច្បាប់បានដាក់លើគាត់ ហើយដែលបានដាច់ ចេញពីគាត់ក្នុងពេលដែលទេវទូតបង្ហាញខ្លួនមកក្នុងគុក៖ «រំពេចនោះ ទេវទូតនៃព្រះអម្ចាស់បានឈរក្បែរគាត់ ហើយពន្លឺមួយបានភ្លឺនៅក្នុងបន្ទប់ឃុំឃាំង។ ទេវទូតបានប៉ះពេត្រុសពីចំហៀង ហើយដាស់គាត់ឡើងដោយមានបន្ទូលថា “ចូរក្រោកឡើងឲ្យលឿនទៅ”។ ច្រវាក់ក៏ដាច់ចេញពីកដៃរបស់គាត់» (កិច្ចការសាវ័ក ១២:៧)។

ច្រវាក់ទាំងនោះត្រូវបានពួកគ្រិស្ទានថែរក្សាទុក ទាំងសម្រាប់រំលឹកដល់សាវ័កដ៏សំខាន់នេះ និងសម្រាប់អំណាចព្យាបាលរបស់វា ដ្បិតអ្នកជំងឺជាច្រើនបានជាសះស្បើយដោយការប៉ះពាល់នឹងច្រវាក់ទាំងនោះ ដូចករណីកន្សែងរបស់សាវ័កប៉ូល (Paul) ដែរ៖ «កាលណាគេយកកន្សែង ឬអាវដែលប៉ះនឹងស្បែករបស់គាត់ ទៅដាក់លើអ្នកជំងឺ នោះជំងឺរបស់គេក៏បាត់ទៅ ហើយវិញ្ញាណអាក្រក់ក៏ចេញពីគេដែរ» (កិច្ចការសាវ័ក ១៩:១២)។

សន្ត យូវេណាល់ (Juvenal) សម្ដេចប៉ាទ្រីអាក្ខនៃក្រុងយេរូសាឡឹម (Jerusalem) បានថ្វាយច្រវាក់ទាំងនេះជាអំណោយដល់ព្រះចៅអធិរាជនាង អេដូគីយ៉ា (Eudocia) ដែលជាព្រះមហេសីនៃព្រះចៅអធិរាជ ថេអូដូស៊ីយូស ទីពីរ (Theodosius the Younger) ដែលត្រូវបានគេនិរទេស។ ព្រះនាងបានបែងចែកច្រវាក់ទាំងនោះជាពីរបំនែក ហើយបានបញ្ជូនមួយបំនែក ទៅកាន់ព្រះវិហារនៃគ្រិស្តទូតដ៏វិសុទ្ធ នៅក្រុងកុងស្តង់ទីនូប៉ូល (Constantinople) និងមួយបំនែកទៀតទៅកាន់ទីក្រុងរ៉ូម (Rome) ជូនដល់ព្រះរាជបុត្រីរបស់ព្រះនាង គឺព្រះនាងអធិរាជ អេដុកស៊ីយ៉ា (Eudoxia) ដែលជាព្រះមហេសីរបស់វ៉ាឡង់ទីយ៉ាន (Valentian)។ ព្រះនាងអធិរាជ អេដុកសុីយ៉ា បានកសាងព្រះវិហារនៃសន្តពេត្រុស ហើយបានដាក់ច្រវាក់ទាំងនេះនៅក្នុងនោះ ជាមួយនឹងច្រវាក់ដែលពេត្រុសត្រូវបានគេដាក់ច្រវាក់ មុនពេលការសោយទិវង្គតរបស់គាត់ក្នុងរាជ្យព្រះចៅអធិរាជ ណេរ៉ូ (Nero)។