សន្តបុគ្គលនៃ ថ្ងៃទី18 ខែមករា

SAINT ATHANASIUS THE GREAT, ARCHBISHOP OF ALEXANDRIA


Screenshot

សន្តអាតាណាស៊ីស៍បានប្រសូតនៅទីក្រុងអាឡិចសាន់ឌ្រី (Alexandria) ក្នុងឆ្នាំ ២៩៦ នៃគ.ស ហើយតាំងពីវ័យកុមារភាពមក គាត់មានទំនោរចិត្តឆ្ពោះទៅរកជីវិតខាងវិញ្ញាណ។ គាត់ធ្លាប់ជាឌីកុន (deacon) បម្រើក្រោមអគ្គប៊ីស្សប អាឡិចសាន់ឌើរ (Alexander) ហើយបានអមដំណើរលោកទៅកាន់ក្រុមប្រឹក្សាសកលលោកលើកទីមួយ (First Ecumenical Council) [នីកេអា៍ (Nicaea) ឆ្នាំ ៣២៥ នៃគ.ស]។ គឺនៅក្នុងក្រុមប្រឹក្សានេះហើយ ដែលអាតាណាស៊ីស៍បានទទួលភាពល្បីល្បាញដោយសារការចេះដឹង ការតាំងចិត្ត និងចំណង់ចិត្តរបស់គាត់ចំពោះសាសនាអរតូដុក្ស (Orthodoxy)។ គាត់បានរួមចំណែកយ៉ាងធំធេងក្នុងការយកឈ្នះលើការបង្រៀនខុសឆ្គង (heresy) របស់អារីយូស (Arius) និងការពង្រឹងជំនឿអរតូដុក្ស(ជំនឿដើមត្រឹមត្រូវ)។ គាត់បានសរសេរនិមិត្តសញ្ញានៃជំនឿ (Symbol of Faith) [គោលលទ្ធិសាសនា (The Creed)] ដែលត្រូវបានអនុម័តនៅឯក្រុមប្រឹក្សានោះ។

បន្ទាប់ពីមរណភាពរបស់អគ្គប៊ីស្សបអាឡិចសាន់ឌើរ អាតាណាស៊ីស៍ត្រូវបានជ្រើសតាំងជាអគ្គប៊ីស្សបនៃទីក្រុងអាឡិចសាន់ឌ្រី។ គាត់បានបន្តនៅក្នុងការត្រាស់ហៅជាអគ្គប៊ីស្សបនៃទីក្រុងអាឡិចសាន់ឌ្រីអស់រយៈពេលសែសិបឆ្នាំ ទោះបីជាគាត់នៅលើបល្ល័ង្កអគ្គប៊ីស្សបមិនពេញរយៈពេលនោះ ក៏ដោយ។ ដោយមានតែករណីលើកលែងមួយចំនួនប៉ុន្នោះ ដែលក្រៅពីនោះគាត់តែងត្រូវបានពួកបង្រៀនជំនឿខុសឆ្គង (heretics) បៀតបៀនពេញមួយជីវិតរបស់គាត់។ ក្នុងចំណោមចៅអធិរាជទាំងឡាយ គាត់ត្រូវបានបៀតបៀនខ្លាំងជាងគេដោយ កុងស្តង់ទីអូស (Constantius) យូលៀន (Julian) និង វ៉ាឡង់ស៍ (Valens); និងក្នុងចំណោមពួកប៊ីស្សប គឺដោយ អេសេប៊ីអូស (Eusebius) នៃនីកូមេឌា (Nicomedia) និងអ្នកដទៃទៀតជាច្រើនទៀត; និងក្នុងចំណោមពួកអ្នកកាន់ជំនឿខុសឆ្គងជាទូទៅ គឺដោយ អារីយូស (Arius) និងពួកអ្នកដើរតាមគាត់។

អាតាណាស៊ីស៍ត្រូវបានបង្ខំឲ្យពួនគេចពីអ្នកបៀតបៀនរបស់គាត់នៅតាមពេលវេលាផ្សេងៗគ្នា៖ ម្តងនៅក្នុងអណ្តូងមួយ ម្តងនៅក្នុងផ្នូរមួយ និងពេលខ្លះនៅក្នុងផ្ទះឯកជន ឬនៅក្នុងទីរហោស្ថាន។ គាត់ត្រូវបានបង្ខំឲ្យភៀសខ្លួនទៅកាន់ទីក្រុងរ៉ូម (Rome) ចំនួនពីរលើក។ គឺមានតែមួយរយៈពេលខ្លីមុនមរណភាពរបស់គាត់ប៉ុណ្ណោះ ដែលគាត់បានរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកគង្វាលដ៏ល្អម្នាក់នៅកណ្តាលហ្វូងសត្វដ៏ល្អរបស់គាត់ ដែលពិតជាស្រឡាញ់គាត់។ មានសន្តបុគ្គលតិចណាស់ដែលត្រូវបានគេនិយាយបង្កាច់បង្ខូចដោយគ្មានមេត្តា និងត្រូវបានគេបៀតបៀនយ៉ាងឧក្រិដ្ឋដូចសន្តអាតាណាស៊ីស៍នេះ។ ព្រលឹងដ៏មហាសាលរបស់គាត់បានស៊ូទ្រាំនឹងអ្វីៗទាំងអស់នេះដោយអត់ធ្មត់ ដើម្បីសេចក្តីស្រឡាញ់ដល់ព្រះគ្រិស្ត ហើយនៅទីបំផុត បានទទួលជ័យជំនះចេញពីការតស៊ូដ៏លំបាក និងយូរអង្វែងនេះ។

ដើម្បីជាឱវាទ ការលួងលោមចិត្ត និងការជំរុញទឹកចិត្ត អាតាណាស៊ីស៍តែងតែទៅសួរសុខទុក្ខសន្ត អង់តូនី (Anthony) ដ៏មហាសាល (the Great) ដែលគាត់គោរពជាឪពុកខាងវិញ្ញាណរបស់គាត់។ ក្នុងនាមជាមនុស្សម្នាក់ដែលបានរៀបចំរូបមន្តនៃសេចក្តីពិតដ៏ធំធេងបំផុត អាតាណាស៊ីស៍ត្រូវរងទុក្ខជាច្រើនដើម្បីសេចក្តីពិតនោះ រហូតដល់ព្រះអម្ចាស់បានប្រទានឲ្យគាត់បានសម្រាកនៅក្នុងព្រះរាជ្យរបស់ព្រះអង្គ ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអង្គ នៅឆ្នាំ ៣៧៣ នៃគ.ស។